¹ កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ² ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ ³ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ⁴ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ⁵ ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។
⁶ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឲ្យមក។ ⁷ លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារលោក។ ⁸ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ⁹ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ¹⁰ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ¹¹ ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ ¹² រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។ ¹³ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
¹⁴ ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។ ¹⁵ លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។ ¹⁶ យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ¹⁷ ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះគុណ និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រិស្ត។ ¹⁸ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
Khmer Standard Version © 2005 United Bible Societies.