¹ កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។
² នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
³ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ⁴ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ⁵ ព្រះជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយ។
⁶ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ⁷ ព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ ⁸ ព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
⁹ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ ¹⁰ ព្រះជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយ។
¹¹ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានតិណជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន ¹² គឺតិណជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ¹³ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
¹⁴ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ¹⁵ ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែន។
¹⁶ ព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ ¹⁷ ព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ¹⁸ ដើម្បីគ្រប់គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ¹⁹ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួន។
²⁰ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វរស់រវើកយ៉ាងច្រើនកុះករនៅក្នុងទឹក និងមានបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
²¹ ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ²² ព្រះជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សាបក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ ²³ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំ។
²⁴ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ²⁵ ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
Khmer Standard Version © 2005 United Bible Societies.