¹⁵ ព្រះជាអម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ ¹⁶ ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន ¹⁷ តែមិនត្រូវបរិភោគផ្លែឈើពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
¹⁸ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។ ¹⁹ ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះទ្រង់ចង់ជ្រាបថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឲ្យ។ ²⁰ មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ²¹ ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ²² ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។ ²³ បុរសក៏ពោលឡើងថា៖
«លើកនេះពិតជាឆ្អឹង
ដែលកើតចេញមកពីឆ្អឹងអញ
ជាសាច់ដែលកើតចេញមកពីសាច់អញ
ត្រូវហៅនាងថា “ស្ត្រី”
ព្រោះនាងបានកើតចេញពីបុរសមក»។
²⁴ ហេតុនេះ បុរសចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
²⁵ ពេលនោះ បុរស និងភរិយារបស់គាត់នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
Khmer Standard Version © 2005 United Bible Societies.