¹ ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ² ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន ³ រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ⁴ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ⁵ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។
⁶ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ ⁷ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
⁸ អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ ⁹ ព្រះជាអម្ចាស់មានព្រះបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» ¹⁰ គាត់ទូលព្រះអង្គវិញថា៖ «ទូលបង្គំបានឮព្រះសូរសៀងរបស់ព្រះអង្គនៅក្នុងសួនឧទ្យាន ទូលបង្គំភ័យណាស់ ព្រោះទូលបង្គំនៅខ្លួនទទេ ហេតុនេះហើយបានជាទូលបង្គំពួន»។ ¹¹ ព្រះអង្គមានព្រះបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ ¹² បុរសឆ្លើយថា៖ «ស្ត្រីដែលព្រះអង្គប្រទានឲ្យមកនៅជាមួយទូលបង្គំនោះ បានឲ្យផ្លែឈើទូលបង្គំ ហើយទូលបង្គំក៏ទទួលទានដែរ»។ ¹³ ព្រះជាអម្ចាស់មានព្រះបន្ទូលទៅកាន់ស្ត្រីថា៖ «ម្ដេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់ក៏ទទួលទានផ្លែឈើនោះទៅ»។ ¹⁴ ព្រះជាអម្ចាស់មានព្រះបន្ទូលមកសត្វពស់ថា៖
«ដោយឯងបានធ្វើដូច្នេះ
ក្នុងបណ្ដាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន
ឯងនឹងត្រូវបណ្ដាសាហើយ។
ឯងត្រូវតែលូននឹងពោះ
ហើយស៊ីតែធូលីដីអស់មួយជីវិត។
¹⁵ យើងនឹងធ្វើឲ្យឯង និងស្ត្រី
ព្រមទាំងពូជឯង និងពូជស្ត្រី
ក្លាយទៅជាសត្រូវនឹងគ្នា
ពូជនាងនឹងជាន់ក្បាលរបស់ឯង
ហើយឯងនឹងចឹកកែងជើងពូជនាង»។
¹⁶ ព្រះអង្គមានព្រះបន្ទូលមកស្ត្រីថា៖
«នៅពេលនាងមានផ្ទៃពោះ
យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង
នាងនឹងសម្រាលកូនទាំងឈឺចុកចាប់។
តណ្ហាជំរុញនាងឲ្យត្រូវការប្ដី
តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
¹⁷ ព្រះអង្គមានព្រះបន្ទូលមកលោកអដាំថា៖ «ដោយអ្នកបានស្ដាប់តាមពាក្យប្រពន្ធ ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ
ដីនឹងត្រូវបណ្ដាសា ព្រោះតែអ្នក។
ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិតយ៉ាងវេទនា
ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
¹⁸ ដីនឹងដុះចេញជាបន្លា និងអញ្ចាញ
ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ
ដែលដុះនៅតាមទីវាល។
¹⁹ អ្នកត្រូវរកស៊ីចិញ្ចឹមជីវិតទាំងបង្ហូរញើស
រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ
ដ្បិតអ្នកមានកំណើតមកពីដី។
អ្នកកើតពីធូលីដី
អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
²⁰ បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “អេវ៉ា” ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។ ²¹ ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។ ²² ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ បានទៅជាម្នាក់ដូចយើងដែរ ដូច្នេះ គួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្ដល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។
²³ ព្រះជាអម្ចាស់ក៏បណ្ដេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីទៅភ្ជួររាស់ដីដែលព្រះអង្គបានសូនបង្កើតគេមកនោះ។ ²⁴ ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនហើយ ព្រះអង្គដាក់ចេរូប៊ីន*នៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើ ដែលផ្ដល់ជីវិតនោះបានឡើយ។
Khmer Standard Version © 2005 United Bible Societies.