¹⁷ ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្ដែតឡើងផុតពីដី។ ¹⁸ ទឹកជន់កាន់តែខ្លាំងឡើងៗ កម្ពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្ដែតពីលើផ្ទៃទឹក។ ¹⁹ ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ ²⁰ ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះដប់ប្រាំហត្ថ។ ²¹ សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ ²² អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ ²³ ព្រះអម្ចាស់បានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែលោកណូអេ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយលោកប៉ុណ្ណោះ។ ²⁴ ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។
Khmer Standard Version © 2005 United Bible Societies.