លោកអ័ប្រាហាំ​​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

លោកុប្បត្តិ 12: 1-7

¹ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក។ ² យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។ ³ យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្ដាសា ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក»។ ⁴ លោក​អាប់រ៉ាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។ ⁵ នៅ​ពេល​លោក​អាប់រ៉ាម​ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ លោក​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ លោក​បាន​នាំ​លោក​ស្រី​សារ៉ាយ​ជា​ភរិយា និង​លោក​ឡុត​ជា​ក្មួយ​ទៅ​ជា​មួយ។ លោក​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​លោក​ទិញ​បាន នៅ​ស្រុក​ហារ៉ាន​ទៅ​ជា​មួយ​ដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ ⁶ លោក​អាប់រ៉ាម​ដើរ​កាត់​ស្រុក​កាណាន​រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។ ⁷ ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អាប់រ៉ាម​បាន​សង់​អាសនៈ​មួយ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដែល​បាន​យាង​មក​ឲ្យ​លោក​ឃើញ។

លោកុប្បត្តិ 15: 1-6

¹ ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក លោក​អាប់រ៉ាម​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អាប់រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។ ² លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញ»។ ³ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។ ⁴ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។ ⁵ ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ ⁶ លោក​អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត*។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00