¹ ក្រោយហេតុការណ៍ទាំងនោះមក ព្រះជាម្ចាស់ក៏ល្បងលមើលចិត្តរបស់លោកអប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់»។ ² ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
³ លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះជាម្ចាស់បានប្រាប់លោក។ ⁴ លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ ⁵ លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖ «ចាំនៅទីនេះជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំឡើងទៅថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ ⁶ លោកអប្រាហាំយកអុសសម្រាប់ធ្វើយញ្ញបូជាមកឲ្យអ៊ីសាកជាកូនលី រីឯលោកវិញ លោកកាន់ភ្លើង និងកាំបិត ហើយទាំងឪពុកទាំងកូនដើរទៅជាមួយគ្នា។ ⁷ ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ ⁸ លោកអប្រាហាំឆ្លើយថា៖ «កូនអើយ ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា»។ បន្ទាប់មក ទាំងឪពុកទាំងកូនក៏ដើរទៅមុខជាមួយគ្នា។
⁹ លុះមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ លោកអប្រាហាំសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចលោកចងអ៊ីសាក ជាកូន យកទៅដាក់ពីលើគំនរអុសនៅលើអាសនៈនោះ។ ¹⁰ បន្ទាប់មក លោកអប្រាហាំទាញកាំបិតបម្រុងនឹងអារ-កកូនធ្វើយញ្ញបូជា។ ¹¹ ពេលនោះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ អប្រាហាំអើយ!»។ លោកតបថា៖ «ក្រាបទូល!»។ ¹² ទេវតាពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថាអ្នកពិតជាកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះមកយើងឡើយ»។ ¹³ លោកអប្រាហាំងើបមុខឡើង ក្រឡេកទៅខាងក្រោយ ឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតឈើ។ លោកអប្រាហាំក៏ទៅយកចៀមនោះមក ហើយធ្វើយញ្ញបូជាជំនួសកូនប្រុសរបស់លោក។ ¹⁴ លោកអប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះអម្ចាស់ផ្គត់ផ្គង់»។ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេតែងពោលថា «នៅលើភ្នំរបស់ព្រះអម្ចាស់ ទ្រង់នឹងផ្គត់ផ្គង់ឲ្យ»។
¹⁵ ទេវតារបស់ព្រះអម្ចាស់ហៅលោកអប្រាហាំពីលើមេឃម្ដងទៀតថា៖ ¹⁶ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសុំសន្យាជាពាក្យពិតថា យើងពិតជាព្រះអម្ចាស់យ៉ាងណា ¹⁷ យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។ ¹⁸ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្ដាប់បង្គាប់យើង»។
¹⁹ លោកអប្រាហាំវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ លោកអប្រាហាំស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
Khmer Standard Version © 2005 United Bible Societies.