បញ្ញត្តិ​ដប់​ប្រការ​ និង​យញ្ញ​បូជា

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

និក្ខមនំ 20: 1-17

¹ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ ² «យើង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ³ មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ⁴ មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។ ⁵ មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ ⁶ ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។ ⁷ មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌ឱន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះអង្គ​ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។ ⁸ ចូរ​រំឭក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។ ⁹ អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ ¹⁰ តែ​ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ¹¹ ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះអង្គ​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។ ¹² ចូរ​គោរព​មាតា‌បិតា​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​លើ​ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។ ¹³ កុំ​សម្លាប់​មនុស្ស។ ¹⁴ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ ¹⁵ កុំ​លួច​ប្លន់​គេ។ ¹⁶ កុំ​ធ្វើ​សាក្សី​ក្លែង‌ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។ ¹⁷ កុំ​លោភ‌លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ‌លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ‌លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។

លេវីវិន័យ 6: 1-7

¹ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ² «ប្រសិន​បើ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​បំពាន​លើ​វិន័យ​ព្រះ‌អម្ចាស់ គឺ​បំបាត់​វត្ថុ​អ្វី​មួយ​ពី​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​បន្លំ​យក​របស់​ដែល​គេ​យក​មក​ផ្ញើ​ទុក ឬ​លួច​យក​របស់​គេ ឬ​កំហែង​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​ខ្លួន ³ ឬ​បាន​រើស​របស់​ដែល​គេ​បាត់ តែ​ប្រកែក​ថា​មិន​ឃើញ ឬ​ក៏​ស្បថ​បំពាន ដើម្បី​បិទ‌បាំង​អំពើ​បាប​ណា​មួយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ⁴ មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស ដូច្នេះ ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​លួច ឬ​កំហែង​យក ឬ​សង​វត្ថុ​ដែល​គេ​យក​មក​បញ្ចាំ ឬ​វត្ថុ​ដែល​ខ្លួន​រើស​បាន​នោះ ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។ ⁵ អ្នក​នោះ​ក៏​ត្រូវ​សង​វត្ថុ​ដែល​ខ្លួន​បាន​ស្បថ​បំពាន​យក​ផង​ដែរ។ នៅ​ពេល​គាត់​ដឹង​ខ្លួន​ថា​មាន​ទោស នោះ​គាត់​មិន​គ្រាន់​តែ​សង​វត្ថុ​ទាំង​អស់​ទៅ​ម្ចាស់​ដើម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ ពី​លើ​តម្លៃ​របស់​វត្ថុ​នោះ​ទៀត​ផង។ ⁶ បន្ទាប់​មក គាត់​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ជូន​បូជា‌ចារ្យ សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​តាម​តម្លៃ​យញ្ញ‌បូជា​លោះ​បាប។ ⁷ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ លោក​បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​ព្រះអង្គ​នឹង​អត់‌ទោស​ឲ្យ​គាត់ ទោះ​បី​គាត់​មាន​កំហុស​អ្វី​ក៏​ដោយ»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00