¹³ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន
មានឋានៈខ្ពង់ខ្ពស់
និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
¹⁴ កាលពីមុន ពេលមហាជនឃើញលោក
គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង
ព្រោះគេមើលមុខលោកលែងស្គាល់
លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
¹⁵ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក
ហើយនាំគ្នាស្ងើចសរសើរ
ស្ដេចជាច្រើននឹងនៅស្ងៀមស្ងាត់
ដ្បិតស្ដេចទាំងនោះនឹងឃើញហេតុការណ៍
ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់
ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ
ដែលគេមិនធ្លាប់ឮពីមុនមក។
¹ ប្រជាជនតបថា តើនរណាជឿ
សេចក្ដីដែលគេប្រាប់យើង?
តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី
ចំពោះនរណា?
² នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
អ្នកបម្រើប្រៀបបាននឹងពន្លកមួយ
ដែលលូតលាស់មិនសូវល្អ
ដូចដំណាំដែលដុះចេញពីដីហួតហែង។
លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ
គួរឲ្យចាប់អារម្មណ៍ឡើយ
ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ
ទាក់ទាញចិត្តយើងដែរ។
³ លោកជាមនុស្សដែលត្រូវគេមើលងាយ
គ្មាននរណារាប់រក។
លោកជាមនុស្សស្គាល់តែការឈឺចាប់
ធ្លាប់តែរងទុក្ខវេទនា
លោកដូចមនុស្សដែលគេខ្ពើម
គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។
យើងបានមើលងាយលោក
ហើយមិនរាប់រកលោកឡើយ។
⁴ តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង
លោកទទួលយកការឈឺចាប់របស់យើង
មកដាក់លើខ្លួនលោក។
រីឯយើងវិញ យើងស្មានថា
ព្រះជាម្ចាស់បានដាក់ទោសលោក
ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
⁵ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ
ព្រោះតែការបះបោររបស់យើង
លោកត្រូវគេជាន់ឈ្លី
ព្រោះតែអំពើទុច្ចរិតរបស់យើង
លោកបានរងទារុណកម្ម
ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត
ហើយដោយសារស្នាមរបួសរបស់លោក
យើងក៏បានជាសះស្បើយ។
⁶ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង
ដូចចៀមដែលបែកចេញពីហ្វូង
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់
តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់
យើងទាំងអស់គ្នាទៅលើលោក។
⁷ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន
មិនហើបមាត់ទាល់តែសោះ
ដូចកូនចៀមដែលគេដឹកទៅទីពិឃាត
ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម
លោកមិនបានហើបមាត់ទាល់តែសោះ។
⁸ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស
ហើយនាំទៅសម្លាប់
គ្មាននរណារវីរវល់យកចិត្តទុកដាក់
នឹងពូជពង្សរបស់លោកឡើយ។
គេបានដកលោកចេញពីចំណោមមនុស្ស
ដែលរស់នៅលើផែនដីនេះ
លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត
ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។
⁹ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ
ឬនិយាយបោកបញ្ឆោតនរណាក្ដី
ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល
និងក្នុងផ្នូររបស់អ្នកមាន។
¹⁰ ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ
របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។
ដោយលោកបានបូជាជីវិត
ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ
ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស
ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក
ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ
របស់ព្រះអង្គតាមរយៈលោក។
¹¹ “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក
ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ
មនុស្សជាច្រើននឹងទទួលស្គាល់
ចំណេះដឹងរបស់លោក។
អ្នកបម្រើរបស់យើងសុចរិត
លោកក៏ប្រោសមហាជនឲ្យបានសុចរិត
ដោយទទួលយកកំហុសរបស់ពួកគេ។
¹² ហេតុនេះហើយបានជាយើងប្រគល់
ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន
លោកនឹងចែកជយភណ្ឌរួមជាមួយ
ពួកកាន់អំណាច
ព្រោះលោកបានលះបង់អ្វីៗទាំងអស់
រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ
គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ
ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់
មកដាក់លើខ្លួនលោក
ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
Khmer Standard Version © 2005 United Bible Societies.