ព្រះអង្គ​សង្គ្រោះ​ដែល​បាន​សន្យា

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

អេសាយ 9: 1-7

¹ ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដី ដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។ កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី ត្រូវ​អាម៉ាស់ តែ​ទៅ​អនាគត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ ស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រ ស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ រស់​នៅ​បាន​រុងរឿង​ឡើង។ ² ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។ ³ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រោស​ប្រទាន ឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើង ព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លុប។ គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូត ឬ​ដូច​នៅ​ពេល​ចែក​ជយ‌ភណ្ឌ​ដែរ ⁴ ដ្បិត​ព្រះអង្គ​បំបាក់​នឹម ដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេ ព្រះអង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់ សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ ដូច​នៅ​ជំនាន់​ដែល​ព្រះអង្គ​រំដោះ បុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ នៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។ ⁵ ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់ ⁶ ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក សម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។ ⁷ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។

លូកា 1: 26-38

²⁶ ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ²⁷ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ²⁸ ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ ²⁹ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ³⁰ ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។ ³¹ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។ ³² បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ​ឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះអង្គ ³³ ព្រះអង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​អស់‌កល្ប​ជានិច្ច ហើយ​រាជ្យ​របស់​ព្រះអង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។ ³⁴ នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ³⁵ ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។ ³⁶ ម្យ៉ាង​ទៀត នាង​អេលី‌សាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ ³⁷ ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។ ³⁸ នាង​ម៉ារី​ពោល​ទៅ​ទេវតា​ថា៖ «នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ចាក​ចេញ​ពី​នាង​ទៅ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00