ការ​ល្បួង និងកិច្ចការបម្រើរបស់​ព្រះ​យេស៊ូវ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

លូកា 4: 1-22

¹ ព្រះ‌យេស៊ូ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​វាល​រហោ‌ស្ថាន។ ² នៅ​ទី​នោះ ព្រះអង្គ​ត្រូវ​មារ*​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​អំឡុង​ពេល​នោះ ព្រះអង្គ​ពុំ​សោយ​អ្វី​ឡើយ។ លុះ​ផុត​ពី​ពេល​នោះ​ទៅ ទើប​ព្រះអង្គ​ឃ្លាន។ ³ មារ*​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។ ⁴ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារប៉ុណ្ណោះ​ទេ»។ ⁵ មារ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឲ្យ​ព្រះអង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។ ⁶ មារ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ ⁷ ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។ ⁸ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ”»។ ⁹ បន្ទាប់​មក មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ¹⁰ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ថែ‌រក្សា​លោក ¹¹ ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។ ¹² ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ»។ ¹³ លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​ទៅ រហូត​ដល់​ពេល​កំណត់។ ¹⁴ ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះអង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ¹⁵ ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ​គ្រប់ៗ​គ្នា។ ¹⁶ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះអង្គ។ ព្រះអង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ ¹⁷ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះអង្គ ព្រះអង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖ ¹⁸ «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ¹⁹ ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។ ²⁰ លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ព្រះអង្គ​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ​សម្លឹង​មើល​ព្រះអង្គ។ ²¹ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អម្បាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ ²² ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00