អំណាចរបស់ព្រះ​យេស៊ូ​វ​

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

ម៉ាកុស 4: 35-5:20

³⁵ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ³⁶ ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។ ³⁷ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។ ³⁸ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។ ³⁹ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។ ⁴⁰ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។ ⁴¹ ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។ ¹ ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន។ ² កាល​ព្រះអង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។ ³ បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។ ⁴ គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។ ⁵ គាត់​រស់​នៅ​តាម​ទី​បញ្ចុះ​សព និង​តាម​ភ្នំ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។ ⁶ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ⁷ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? ទូលបង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី!»។ ⁸ វិញ្ញាណ​អាក្រក់​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​វិញ្ញាណ​អាក្រក់ ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។ ⁹ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «ឯង​ឈ្មោះ​អី?» វិញ្ញាណ​អាក្រក់​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ ¹⁰ វា​ទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ ¹¹ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ ¹² វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។ ¹³ ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ វិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។ ¹⁴ ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។ ¹⁵ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។ ¹⁶ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។ ¹⁷ គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។ ¹⁸ ពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ។ ¹⁹ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ»។ ²⁰ បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់ កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00