¹ នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ² ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ³ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ⁴ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ ⁵ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ⁶ ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។ ⁷ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។ ⁸ លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។ ⁹ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ¹⁰ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ ¹¹ ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។
¹² កាលព្រះយេស៊ូលាងជើងឲ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការ ដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ? ¹³ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ¹⁴ បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ¹⁵ ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ¹⁶ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។ ¹⁷ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
Khmer Standard Version © 2005 United Bible Societies.