ការ​ឆ្កាង​ព្រះ​យេស៊ូវ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

លូកា 23: 32-56

³² គេ​បាន​នាំ​អ្នក​ទោស​ពីរ​នាក់​ទៀត​មក​សម្លាប់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ។ ³³ លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។ ³⁴ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។ ³⁵ ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រិស្ត*​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ ³⁶ ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ ³⁷ ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន‌ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។ ³⁸ នៅ​ពី​លើ​ព្រះអង្គ មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន‌ជាតិ​យូដា»។ ³⁹ អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រិស្ត​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។ ⁴⁰ ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ ⁴¹ គេ​ធ្វើ​ទោស​យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។ ⁴² បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះ‌យេស៊ូ​អើយ! ពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូលបង្គំ»។ ⁴³ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ*​ជា​មួយ​ខ្ញុំ»។ ⁴⁴ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែនដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល ⁴⁵ ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។ ⁴⁶ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ​ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះអង្គ​វិញ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។ ⁴⁷ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។ ⁴⁸ រីឯ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។ ⁴⁹ អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។ ⁵⁰ មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អើរី‌ម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត* ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ ⁵¹ លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ​លើ​ការ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។ ⁵² លោក​បាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ ⁵³ លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។ ⁵⁴ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ថ្ងៃ​សប្ប័ទ*​ជិត​មក​ដល់។ ⁵⁵ ពួក​ស្ត្រី​ដែល​មក​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ​ផង។ ⁵⁶ បន្ទាប់​មក ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ‌បញ្ជា​ចែង​ទុក។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00