⁹ ក្រោយមកទៀត ខ្ញុំមើលទៅឃើញមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ ¹⁰ គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «មានតែព្រះនៃយើងដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេ ដែលសង្គ្រោះយើង»។ ¹¹ ពេលនោះ ទេវតាទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និងជុំវិញសត្វមានជីវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងឱនមុខដល់ដីថ្វាយបង្គំព្រះជាម្ចាស់ ¹² ហើយពោលថា៖ «អាម៉ែន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្តិនាម ឫទ្ធានុភាព និងឥទ្ធិឫទ្ធិរបស់ព្រះនៃយើង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!»។
¹³ ព្រឹទ្ធាចារ្យមួយរូបមានប្រសាសន៍សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសវែងនោះជានរណា ហើយគេមកពីណា?»។ ¹⁴ ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់ខ្ញុំអើយ លោកទេតើដែលជ្រាប»។ លោកក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម។ ¹⁵ ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងព្រះពន្លា*របស់ព្រះអង្គ។ ¹⁶ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ ¹⁷ ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ»។
Khmer Standard Version © 2005 United Bible Societies.