តើ​ព្រះ​យេស៊ូវ​ប្រទានអ្វី​មក​ឲ្យលោក​អ្នក និង​សុំ​អ្វី​ពីលោក​អ្នក​វិញ?

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

យ៉ូហាន 14: 1-7

¹ «កុំ​រន្ធត់​ចិត្ត​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ‌ជាម្ចាស់​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។ ² ក្នុង​ដំណាក់​របស់​ព្រះ‌បិតា​ខ្ញុំ​មាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ ³ ពេល​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។ ⁴ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។ ⁵ លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ទី​ណា​ផង​នោះ»។ ⁶ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។ ⁷ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះអង្គ​ថែម​ទៀត​ផង»។

យ៉ូហាន 14: 23-27

²³ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ។ ព្រះ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះ‌បិតា និង​ខ្ញុំ ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។ ²⁴ អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ²⁵ ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ²⁶ ប៉ុន្តែ ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ដែល​ព្រះ‌បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំឭក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។ ²⁷ ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00