តើ​ការជឿលើព្រះ​យេស៊ូវ​​មាន​លទ្ធ​ផល​ដូចម្ដេច?

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

យ៉ូហាន 3: 3-21

³ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មីទេ គេ​មិន​អាច​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។ ⁴ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។ ⁵ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ឡើយ។ ⁶ អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន។ ⁷ ពេល​ខ្ញុំ​ជម្រាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។ ⁸ ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។ ⁹ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។ ¹⁰ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ? ¹¹ ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។ ¹² ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។ ¹³ ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ ¹⁴ កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ ¹⁵ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ¹⁶ ព្រះ‌ជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌បុត្រា មាន​ជីវិត​អស់‌កល្ប​ជានិច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។ ¹⁷ ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។ ¹⁸ អ្នក​ជឿ​លើ​ព្រះ‌បុត្រា​មិន​ត្រូវ​ទទួល​ទោស​ទេ រីឯ​អ្នក​មិន​ជឿ​បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​តែ​មួយ​របស់​ព្រះ‌ជាម្ចាស់។ ¹⁹ ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​យាង​មក​ក្នុង​ពិភព​លោក ប៉ុន្តែ មនុស្ស​លោក​ចូល​ចិត្ត​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។ ²⁰ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ²¹ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​តែងតែ​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​នោះ​ស្រប​តាម​ព្រះ‌ជាម្ចាស់​មែន»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00