តើ​យើង​គួរតែ​រំពឹង​ទុកថា​នឹង​មានការ​បៀត​បៀន​ដែរ​ឬទេ?

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

យ៉ូហាន 15: 18-23

¹⁸ «ប្រសិន​បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។ ¹⁹ ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្តែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។ ²⁰ ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។ ²¹ ប៉ុន្តែ គេ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។ ²² ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្តែ ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។ ²³ អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។

ម៉ាថាយ 10: 16-22

¹⁶ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ ¹⁷ ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ ¹⁸ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ​ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​ពួក​លោក និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។ ¹⁹ ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។ ²⁰ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ ²¹ បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ ²² មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00