⁴⁴ លោកពេត្រុសកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមកសណ្ឋិតលើអស់អ្នកដែលស្ដាប់ព្រះបន្ទូល។ ⁴⁵ ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ ⁴⁶ ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ* ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។ ⁴⁷ ពេលនោះ លោកពេត្រុសមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើងមិនឲ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នក ដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដូចជាយើងបានទទួលដែរនោះទេ!»។ ⁴⁸ លោកក៏បញ្ជាឲ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*។ បន្ទាប់មក ពួកគេសុំឲ្យលោកស្នាក់នៅជាមួយគេបានយូរថ្ងៃបន្ដិចទៀត។
Khmer Standard Version © 2005 United Bible Societies.