តើ​ព្រះ​អង្គ​សន្យា​អ្វី​ខ្លះ​ដល់​អ្នក​ដែលដើរ​តាម​ទ្រង់?

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

អេភេសូ 2: 1-10

¹ ចំពោះ​បងប្អូន បងប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បងប្អូន​រួច​ផុត​ទៅ​ហើយ។ ² ពី​ដើម បងប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិ‌ពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​នៅ​បច្ចុប្បន្ន‌កាល​នេះ។ ³ រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ត​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក យើង​ជា​មនុស្ស​ដែល​ត្រូវ​តែ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ ⁴ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត ⁵ គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ។ ⁶ ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ⁷ ព្រះអង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌គុណ​ដ៏​ប្រសើរ​លើស‌លុប​បំផុត​របស់​ព្រះអង្គ ⁸ ព្រះអង្គ​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បងប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ⁹ ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ ¹⁰ យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

រ៉ូម 5: 1-5

¹ ដូច្នេះ ដោយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិ‌ភាព​ជា​មួយ​នឹង​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង​ដែរ។ ² ដោយ​សារ​ព្រះ‌គ្រិស្ត និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី​ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។ ³ មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់ ⁴ ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ ⁵ សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មក​យើង។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00