ពួក​សិស្ស​បាន​ទទួល​ការ​អត់​ទោស

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

លូកា 7: 36-50

³⁶ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​យាង​ព្រះ‌យេស៊ូ​ទៅ​សោយ​ព្រះ‌ស្ងោយ ព្រះអង្គ​ក៏​យាង​ទៅ​ផ្ទះ​បុរស​នោះ ហើយ​គង់​រួម​តុ​ជា​មួយ​គាត់។ ³⁷ នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍‌ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ី* នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។ ³⁸ នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។ ³⁹ ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា​ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។ ⁴⁰ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។ ⁴¹ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហា‌សិប។ ⁴² ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។ ⁴³ លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។ ⁴⁴ បន្ទាប់​មក ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។ ⁴⁵ លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។ ⁴⁶ លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ ⁴⁷ ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា នាង​សម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​តិច ក៏​សម្តែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។ ⁴⁸ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​នាង​រួច​ពី​បាប​ហើយ»។ ⁴⁹ អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។ ⁵⁰ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00