ពួក​សិស្ស​ គឺជា​កូន​របស់​ព្រះ​ជាម្ចាស់

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

អេភេសូ 1: 3-8

³ សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ ⁴ ព្រះអង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។ ⁵ ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ព្រះអង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​គ្រិស្ត ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ ⁶ ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ⁷ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះអង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លុប​របស់​ព្រះអង្គ។ ⁸ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។

កាឡាទី 3: 26-4:7

²⁶ ដ្បិត​ដោយ‌សារ​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ បងប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ ²⁷ បងប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ព្រះ‌គ្រិស្ត​នៅ​ជាប់​ជា​មួយ​ដែរ។ ²⁸ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បងប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះគ្រិស្ត‌យេស៊ូ។ ²⁹ ប្រសិន​បើ​បងប្អូន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ¹ ខ្ញុំ​សូម​ជម្រាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បម្រើ​ទេ ថ្វី‌ដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ ² ក៏​កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។ ³ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចីនៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍នេះ ⁴ ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ⁵ ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ​របស់​ព្រះអង្គ។ ⁶ បងប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះអង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា! ឱ​ព្រះ‌បិតា!»។ ⁷ ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ព្រះអង្គ​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00