ពួក​សិស្ស​ស្វែង​រក​ព្រះវរបិតារបស់​យើង​រាល់​គ្នា

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

លូកា 11: 1-13

¹ មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។ ² ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា: ឱ​ព្រះ‌បិតា​អើយ សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់។ ³ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។ ⁴ សូម​អត់‌ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដ្បិត​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ​អស់​អ្នក ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ចាញ់ ការ​ល្បួង​ឡើយ»។ ⁵ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! ឲ្យ​គ្នា​ខ្ចី​នំប៉័ង​បី​ដុំ​សិន​មក ⁶ ព្រោះ​មាន​មិត្ត‌ភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។ ⁷ អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំប៉័ង​ឲ្យ​សម្លាញ់​ឯង​ទេ”។ ⁸ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំប៉័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។ ⁹ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ¹⁰ ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ¹¹ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ ¹² បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។ ¹³ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​អស់​អ្នក ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00