ពួក​សិស្ស​ពឹង​អាង​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

ទំនុកតម្កើង 19: 7-14

⁷ ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា ⁸ ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។ ⁹ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់ ¹⁰ គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ ចេញ​ពី​សំបុក​ទៅ​ទៀត។ ¹¹ សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។ ¹² គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ នូវ​កំហុស​ណា​ដែល​ទូលបង្គំ​មើល មិន​ឃើញ​នោះ​ផង។ ¹³ សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ ធ្វើ​ជា​ម្ចាស់​លើ​ទូលបង្គំ​បាន​ឡើយ ធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។ ¹⁴ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ទទួល​ពាក្យ​ដែល​ទូលបង្គំ​ទូល​ថ្វាយ ព្រម​ទាំង​ទទួល​គំនិត​ដែល​ទូលបង្គំ​រិះគិត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​នេះ​ផង ដ្បិត​ព្រះអង្គ​ជា​ថ្ម‌ដា និង​ជា​ព្រះ​ដែល​ការពារ​ទូលបង្គំ!។

ម៉ាថាយ 7: 24-27

²⁴ «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ ²⁵ ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ ²⁶ រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ ²⁷ ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់​មាន​ខ្យល់​បក់​បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00