⁶ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ ⁷ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ⁸ ព្រះអង្គប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះគឺជាអំពើសុចរិតផ្សេងៗ ដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។
⁹ ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។
Khmer Standard Version © 2005 United Bible Societies.