⁹ ទូលបង្គំសូមអង្វរព្រះអង្គឲ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឲ្យមនុស្សលោកឡើយ គឺអង្វរឲ្យតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ ¹⁰ អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសម្តែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។ ¹¹ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ ¹² កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ¹³ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។ ¹⁴ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ ¹⁵ ទូលបង្គំមិនអង្វរព្រះអង្គឲ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារ*កំណាចវិញ។ ¹⁶ គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។ ¹⁷ សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។ ¹⁸ ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។ ¹⁹ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេវិសុទ្ធ ដោយសារសេចក្ដីពិត។
²⁰ ទូលបង្គំមិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ ²¹ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ²² រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ ²³ គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។ ²⁴ ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ²⁵ ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ²⁶ ទូលបង្គំបានសម្តែងព្រះនាមព្រះអង្គឲ្យគេស្គាល់ ហើយទូលបង្គំនឹងសម្តែងឲ្យគេរឹតតែស្គាល់ថែមទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។
Khmer Standard Version © 2005 United Bible Societies.