ពួក​ជំនុំ​ធ្វើ​ទីសម្គាល់​ និង​ការ​អស្ចារ្យ​ដោយសារ​ព្រះ​វិញ្ញាណ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

យ៉ូហាន 14: 12-14

¹² ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។ ¹³ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​ព្រះ‌បិតា​សម្តែង​សិរី‌រុងរឿង​ក្នុង​ព្រះ‌បុត្រា។ ¹⁴ បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ»។

កិច្ចការ 5: 12-29

¹² សាវ័ក​បាន​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។ ¹³ រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។ ¹⁴ បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។ ¹⁵ មនុស្ស‌ម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​ឲ្យ​ស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ ក៏​បាន​ដែរ។ ¹⁶ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។ ¹⁷ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ ¹⁸ គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវ័ក* យក​ទៅ​ឃុំ‌ឃាំង​នៅ​ពន្ធ‌នាគារ​សាធារណៈ។ ¹⁹ លុះ​ដល់​យប់ មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឲ្យ​ក្រុម​សាវ័ក​ចេញ ទាំង​ពោល​ថា៖ ²⁰ «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ* ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់ ដែល​ផ្ដល់​ជីវិត​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។ ²¹ កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។ លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌នាគារ​មក។ ²² ពេល​ទៅ​ដល់​ទី​ឃុំ‌ឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវ័ក​ទេ គេ​នាំ​គ្នា​វិល​មក​វិញ រាយ‌ការណ៍​ជម្រាប​អង្គ​ប្រជុំ​ថា៖ ²³ «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។ ²⁴ កាល​មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​នាយក​បូជា‌ចារ្យ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។ ²⁵ ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ព្រះ‌វិហារ​ឯ‌ណោះ!»។ ²⁶ មេ​កង​រក្សា​ព្រះ‌វិហារ​ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។ ²⁷ លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហា‌បូជា‌ចារ្យ​សួរ​ក្រុម​សាវ័ក​ថា៖ ²⁸ «យើង​បាន​ហាម‌ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។ ²⁹ លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាក្រុមជំនុំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00