ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ភាព​ជា​អ្នក​ដឹកនាំ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

ម៉ាថាយ 23: 1-12

¹ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សិស្ស*​ថា៖ ² «ពួក​អាចារ្យ* និង​ពួក​ផារីស៊ី* មាន​ភារ‌កិច្ច​បង្រៀន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*។ ³ អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ ⁴ អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹង‌រ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សម្រាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​ជួយ​ផង។ ⁵ គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។ ⁶ ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់‌លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ*។ ⁷ ពួក​នេះ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ”។ ⁸ រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បងប្អូន​នឹង​គ្នា។ ⁹ កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ ¹⁰ កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​“មគ្គទេសក៍”​ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រិស្ត​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ ¹¹ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ ¹² អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាអ្នកដឹកនាំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00