គំរូ​របស់​សាវ័កប៉ុល

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

១ ថេស្សាឡូនិក 1: 4-7

⁴ បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះអង្គ​បាន​ជ្រើស​រើស​បងប្អូន ⁵ ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បងប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធា‌នុភាព មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បងប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា​សម្រាប់​ជា​ប្រយោជន៍​បងប្អូន ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។ ⁶ បងប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​ព្រះ‌អម្ចាស់ គឺ​ទោះ​បី​បងប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បងប្អូន​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​មាន​អំណរ​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែរ។ ⁷ ហេតុ​នេះ បងប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ

១ ថេស្សាឡូនិក 2: 1-12

¹ បងប្អូន​អើយ បងប្អូន​ផ្ទាល់​ក៏​ជ្រាប​ស្រាប់​ហើយ​ថា យើង​មក​រក​បងប្អូន​មិន​មែន​ឥត​ប្រយោជន៍​ទេ ² គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បងប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះអង្គ​ដល់​បងប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ³ សេចក្ដី​ដែល​យើង​ទូន្មាន​មិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។ ⁴ មុន​នឹង​ប្រគល់​មុខងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើង​យ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។ ⁵ បងប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ ⁶ យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បងប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។ ⁷ ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ត ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បងប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បងប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។ ⁸ ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បងប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត​សម្រាប់​បងប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់!។ ⁹ បងប្អូន​អើយ បងប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។ ¹⁰ យើង​បាន​រស់​នៅ​ជា​មួយ​បងប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បងប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ ¹¹ បងប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ ¹² គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បងប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បងប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះអង្គ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាអ្នកដឹកនាំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00