ជីវិត​ដែល​បាន​ថ្វាយជាយញ្ញបូជា

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

រ៉ូម 12: 1-21

¹ ហេតុ​នេះ បងប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បងប្អូន​ថា ដោយ​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​បងប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះអង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិត​ដ៏វិសុទ្ធ* ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​បងប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះអង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន​។ ² មិន​ត្រូវ​យក​តម្រាប់​តាម​និស្ស័យ​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បងប្អូន ឲ្យ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វី​ខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​គ្រប់​លក្ខណៈ។ ³ ខ្ញុំ​សូម​ជម្រាប​បងប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។ ⁴ រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា ⁵ យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ⁶ យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បងប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ ⁷ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ ⁸ អ្នក​ដែល​លើក​ទឹក​ចិត្ត​បងប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។ ⁹ ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ ¹⁰ ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។ ¹¹ ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។ ¹² ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។ ¹³ ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់‌ទាក់​ផង។ ¹⁴ ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ¹⁵ ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។ ¹⁶ ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សំរុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់‌ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ។ ¹⁷ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ​។ ¹⁸ ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។ ¹⁹ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ”។ ²⁰ ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឲ្យ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”»។ ²¹ មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាអ្នកដឹកនាំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00