¹ ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ ² ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
³ «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់
អ្នកនោះមានសុភមង្គល*ហើយ
ដ្បិតពួកគេបានទទួលព្រះរាជ្យ
នៃស្ថានបរមសុខ!
⁴ អ្នកណាសោកសៅ
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ!
⁵ អ្នកណាមានចិត្តស្លូតបូត
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក!
⁶ អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងប្រទានឲ្យ
ពួកគេបានឆ្អែត!
⁷ អ្នកណាមានចិត្តមេត្តាករុណា
អ្នកនោះមានសុភមង្គលហើយ
ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យ
មេត្តាករុណាដល់ពួកគេវិញ!
⁸ អ្នកណាមានចិត្តបរិសុទ្ធ*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!
⁹ អ្នកណាកសាងសន្តិភាព
អ្នកនោះមានសុភមង្គលហើយ
ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ
របស់ព្រះជាម្ចាស់!
¹⁰ អ្នកណាត្រូវគេបៀតបៀន
ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត*
អ្នកនោះមានសុភមង្គលហើយ
ដ្បិតគេបានទទួលក្នុងព្រះរាជ្យ
នៃស្ថានបរមសុខ!
¹¹ ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ¹² ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី*ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
Khmer Standard Version © 2005 United Bible Societies.