⁵⁷ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ⁵⁸ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជម្រកសម្រាកសោះឡើយ»។ ⁵⁹ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ⁶⁰ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ ⁶¹ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ⁶² ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។
Khmer Standard Version © 2005 United Bible Societies.