ពួក​សិស្ស​ចូល​ទៅ​ក្នុង​ចម្រូត

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

ម៉ាថាយ 9: 35-10:1

³⁵ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ ³⁶ កាល​ព្រះអង្គ​ទត​ឃើញ​មហា‌ជន ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។ ³⁷ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ³⁸ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក»។ ¹ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។

ម៉ាថាយ 10: 5-20

⁵ ព្រះ‌យេស៊ូ​ចាត់​សិស្ស*​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន‌ជាតិ​សាម៉ារី​ដែរ ⁶ គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ ⁷ ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា "ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ"។ ⁸ ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ ⁹ កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ថង់​ឡើយ ¹⁰ ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។ ¹¹ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ ¹² ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរអ្នក​ផ្ទះ​នោះ ¹³ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។ ¹⁴ បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង។ ¹⁵ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។ ¹⁶ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ ¹⁷ ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ ¹⁸ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ​ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​ពួក​លោក និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។ ¹⁹ ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។ ²⁰ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00