​ពួកសិស្ស​ចេញ​ទៅ​ជាមួយ​នឹង​សិទ្ធិ​អំណាច​របស់​ព្រះ​យេស៊ូវ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

កិច្ចការ 3: 1-10

¹ នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះ‌វិហារ*​ជា​មួយ​គ្នា។ ² រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ ³ កាល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​ដើរ​ចូល​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ ⁴ លោក​ពេត្រុស និង​លោក​យ៉ូហាន សម្លឹង​មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។ ⁵ គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។ ⁶ ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក ដូច្នេះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។ ⁷ លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន ⁸ គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ជា​មួយ​សាវ័ក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ផង។ ⁹ ប្រជា‌ជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ¹⁰ គេ​ស្គាល់​ជាក់​ថា អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ*​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ភ័យ​ស្ញប់‌ស្ញែង ហើយ​ងឿង‌ឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គាត់។

កិច្ចការ 13: 6-12

⁶ បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្ត‌អាគម​ជាតិ​យូដា​ម្នាក់​ឈ្មោះ បារ‌យេស៊ូ ជា​ព្យាការី​ក្លែង‌ក្លាយ ⁷ គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ⁸ ប៉ុន្តែ អេលី‌ម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្ត‌អាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោ‌បាយ​ពង្វាង​លោក​ប្រតិភូ ឲ្យ​ងាក​ចេញ​ពី​ជំនឿ។ ⁹ ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលី‌ម៉ាស ¹⁰ ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរ‌ពេញ​ទៅ​ដោយ​ពុត‌ត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ* អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អម្ចាស់​ដល់​ណា​ទៀត!។ ¹¹ ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។ ¹² កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00