¹ ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូទៅវាលរហោស្ថានឲ្យមារ*សាតាំងល្បួង ² បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។
³ មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។ ⁴ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “មនុស្សមិនមែនរស់ដោយសារតែអាហារ ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ”»។ ⁵ ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ* ដាក់ព្រះអង្គលើកំពូលព្រះវិហារ* ⁶ ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។ ⁷ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា “កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ”»។ ⁸ មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឲ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។ ⁹ មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្តិនេះឲ្យ!»។ ¹⁰ ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា “អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ”»។ ¹¹ ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវតា*នាំគ្នាចូលមកគាល់ និងបម្រើព្រះអង្គ។
Khmer Standard Version © 2005 United Bible Societies.