ពួក​សិស្ស​រស់​នៅ​ដោយសារ​អំណាច​របស់​ព្រះ​វិញ្ញាណ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

កាឡាទី 5: 16-25

¹⁶ ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បងប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ ¹⁷ ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​ព្រះ‌វិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បងប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បងប្អូន​ចង់​ធ្វើ​នោះ​ឡើយ។ ¹⁸ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បងប្អូន បងប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទៀត​ហើយ។ ¹⁹ យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប ²⁰ ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក ²¹ ឈ្នានីស​គ្នា ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បងប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ។ ²² រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស​មេត្តា ជំនឿ ²³ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។ ²⁴ អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​និស្ស័យ​លោកីយ៍​នោះ​ចោល​ហើយ។ ²⁵ ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះ‌វិញ្ញាណ​ដែរ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00