¹ ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្តគង់នៅខាងស្ដាំព្រះជាម្ចាស់នោះវិញ។ ² ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ³ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ត ក្នុងព្រះជាម្ចាស់ដែរ។ ⁴ ពេលព្រះគ្រិស្តដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រិស្ត ប្រកបដោយសិរីរុងរឿងដែរ។
⁵ ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ។ ⁶ ព្រោះតែអំពើទាំងនោះហើយ បានជាព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ⁷ កាលពីដើម បងប្អូនប្រព្រឹត្តអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ ⁸ តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ ⁹ កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ ¹⁰ បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចម្រើនថ្មីឡើងៗ ឲ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ¹¹ ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកកាត់ស្បែក* ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកទមិឡ និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រិស្តបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
¹² ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ¹³ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ ¹⁴ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ ¹⁵ សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។
¹⁶ សូមព្រះបន្ទូលរបស់ព្រះគ្រិស្តសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀង មកពីព្រះវិញ្ញាណ។ ¹⁷ ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសម្ដី ឬកាយវិការក្តី ត្រូវធ្វើក្នុងព្រះនាមព្រះអម្ចាស់យេស៊ូទាំងអស់ ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះអង្គផង។
Khmer Standard Version © 2005 United Bible Societies.