⁵ ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រិស្ត* ហើយយកមកជម្រាបជូនបងប្អូននេះ មានសេចក្ដីដូចតទៅ: ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គទាល់តែសោះ។ ⁶ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ ក្នុងសេចក្ដីងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្ដីពិតទេ។ ⁷ ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបរិសុទ្ធ* រួចពីគ្រប់អំពើបាបទាំងអស់។
⁸ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ⁹ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ និងសុចរិត* ព្រះអង្គនឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ¹⁰ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
¹ ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារមួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។ ² ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
Khmer Standard Version © 2005 United Bible Societies.