​ពួកសិស្ស​ពាក់គ្រឿង​សឹក​របស់​ព្រះ​ជា​ម្ចាស់

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

អេភេសូ 6: 10-20

¹⁰ មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង​ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។ ¹¹ ចូរ​បងប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ* ¹² ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្សទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូប​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ¹³ ហេតុ​នេះ ចូរ​បងប្អូន​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឲ្យ​បងប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ ¹⁴ ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ ¹⁵ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង‌ល្អ​អំពី​សេចក្ដី​សុខ‌សាន្ត មក​ពាក់​ជា​ស្បែក​ជើង។ ¹⁶ ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឲ្យ​បងប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ ¹⁷ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ ¹⁸ ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់។ ¹⁹ ចូរ​អង្វរ​ព្រះអង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ* ²⁰ ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាសិស្ស?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00