ពួក​ជំនុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់​

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

១ កូរិនថូស 3: 1-15

¹ បងប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បងប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បងប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។ ² ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បងប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បងប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បងប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ ³ មក​ពី​បងប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បងប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នា​ដូច្នេះ ស​ឲ្យ​ឃើញ​ថា​បងប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បងប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។ ⁴ ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន! ⁵ តើ​លោក​អប៉ូ‌ឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​បងប្អូន​ឲ្យ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ធ្វើ។ ⁶ ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូ‌ឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះ‌ជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ដុះ។ ⁷ ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ដុះ​ឯ‌ណោះ​ទើប​សំខាន់។ ⁸ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ⁹ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ ¹⁰ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ¹¹ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។ ¹² ប្រសិន​បើ​អ្នក​ណា​យក​មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ ¹³ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ ¹⁴ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិត‌ស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ ¹⁵ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

១ កូរិនថូស 3: 21-23

²¹ ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ បងប្អូន ²² ទោះ​បី​លោក​ប៉ូល​ក្ដី លោក​អប៉ូ‌ឡូស​ក្ដី លោក​កេផាស​ក្ដី ពិភព​លោក​នេះ​ក្ដី ជីវិត​ក្ដី សេចក្ដី​ស្លាប់​ក្ដី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្ដី សុទ្ធ​តែ​សម្រាប់​បម្រើ​បងប្អូន​ទាំង​អស់។ ²³ រីឯ​បងប្អូន​វិញ បងប្អូន​បម្រើ​ព្រះ‌គ្រិស្ត* ហើយ​ព្រះ‌គ្រិស្ត​បម្រើ​ព្រះ‌ជាម្ចាស់។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាក្រុមជំនុំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00