⁸ «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់
ចូរប្រកាសព្រះនាមព្រះអង្គ!
ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ
ប្រាប់ប្រជាជាតិនានា!
⁹ ចូរច្រៀងតម្កើងព្រះអង្គ
ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ!
ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ!
¹⁰ ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា
ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ!
អស់អ្នកស្វែងរកព្រះអម្ចាស់អើយ
ចូរសប្បាយចិត្តចុះ!
¹¹ ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា
ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ
ឥតឈប់ឈរឡើយ!
¹² ចូរនឹកដល់ការអស្ចារ្យផ្សេងៗ
ដែលព្រះអង្គបានធ្វើ
ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ
ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
¹³ អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល
ដែលជាអ្នកបម្រើរបស់ព្រះអង្គ
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
ដែលព្រះអង្គបានជ្រើសរើស!
¹⁴ មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង
ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។
¹⁵ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច
គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ
រហូតដល់មួយពាន់តំណ
¹⁶ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ
លោកអប្រាហាំ
ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា
ជាមួយលោកអ៊ីសាក។
¹⁷ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ
ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី
អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
¹⁸ គឺព្រះអង្គមានព្រះបន្ទូលថា:
«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក
ទុកជាចំណែកមត៌ក»។
¹⁹ នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច
ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
²⁰ អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
ពីនគរមួយទៅនគរមួយទៀត។
²¹ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់
សង្កត់សង្កិនអ្នករាល់គ្នាទេ
ដើម្បីការពារអ្នករាល់គ្នា
ព្រះអង្គបានបន្ទោសស្ដេចនានាថា:
²² «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង
អភិសេកនេះឡើយ
កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
²³ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរច្រៀងថ្វាយព្រះអម្ចាស់!
ចូរប្រកាសជារៀងរាល់ថ្ងៃ
អំពីការសង្គ្រោះរបស់ព្រះអង្គ។
²⁴ ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ
នៅក្នុងចំណោមប្រជាជាតិនានា
ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់
ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
²⁵ ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម
ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត
ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
²⁶ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា
សុទ្ធតែឥតបានការអ្វីទាំងអស់
រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
²⁷ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី
ព្រះភ័ក្ត្ររបស់ព្រះអង្គ
ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ
ឫទ្ធិបារមី និងអំណរសប្បាយ។
²⁸ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
²⁹ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់!
ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ
របស់ព្រះអង្គ!
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
³⁰ មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!
ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ
³¹ ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ
និងឲ្យផែនដីបានរីករាយដ៏លើសលុប!
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា
ព្រះអម្ចាស់គ្រងរាជ្យ!
³² ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ
បន្លឺសំឡេងយ៉ាងអឺងកង!
ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ
ត្រេកអរសប្បាយ!
³³ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោ
នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់!
ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
³⁴ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គសប្បុរស
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
³⁵ ចូរទូលព្រះអង្គថា:
ព្រះសង្គ្រោះរបស់យើងខ្ញុំអើយ
សូមជួយសង្គ្រោះយើងខ្ញុំផង
សូមប្រមូលផ្ដុំយើងខ្ញុំ ហើយយកយើងខ្ញុំ
ចេញពីចំណោមប្រជាជាតិនានា
ដើម្បីឲ្យយើងខ្ញុំលើកតម្កើង
ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ និងបានខ្ពស់មុខ
ដោយសរសើរតម្កើងព្រះអង្គ!
³⁶ សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
តាំងពីដើមរៀងមក
ហើយអស់កល្បតរៀងទៅ!»។
ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា
«អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។
Khmer Standard Version © 2005 United Bible Societies.