ពួក​ជំនុំ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

កាឡាទី 6: 1-10

¹ បងប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់ នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បងប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ ² ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បងប្អូន​បំពេញ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រិស្ត*​ទាំង​ស្រុង។ ³ ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ ⁴ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ ⁵ ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។ ⁶ ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។ ⁷ សូម​បងប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ ⁸ អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល​ជា​ជីវិត​អស់‌កល្ប​ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។ ⁹ យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ¹⁰ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បងប្អូន​រួម​ជំនឿ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាក្រុមជំនុំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00