²³ ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។ ²⁴ កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីនោះ ²⁵ ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស*យើងខ្ញុំថា៖
“ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ
នាំគ្នាបង្កើតកោលាហល?
ហេតុអ្វីបានជាប្រជារាស្ដ្រនានា
មានគំនិតឥតខ្លឹមសារដូច្នេះ?
²⁶ ពួកស្ដេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃ
រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់
ហើយប្រឆាំងនឹងព្រះគ្រិស្ត*របស់ព្រះអង្គ”។
²⁷ ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ត្រអ៊ីស្រាអែលសមគំនិតផង។ ²⁸ គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និងតាមព្រះតម្រិះរបស់ព្រះអង្គ។ ²⁹ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើព្រះអង្គ ថ្លែងព្រះបន្ទូលដោយចិត្តអង់អាចមោះមុតផង ³⁰ សូមសម្តែងបារមីឲ្យអ្នកជំងឺបានជា ឲ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធ*របស់ព្រះអង្គ»។
³¹ កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តអង់អាច។
Khmer Standard Version © 2005 United Bible Societies.