ពួក​ជំនុំ​ថ្វាយ​ដោយ​លះបង់

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

កិច្ចការ 4: 32-37

³² អ្នក​ជឿ​ទាំង​អម្បាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ ³³ ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លុប ដល់​ពួក​គេ​ទាំង​អស់​គ្នា។ ³⁴ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សំបែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់ ³⁵ មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។ ³⁶ មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ត​គេ»។ ³⁷ គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​សាវ័ក​ដែរ។

២ កូរិនថូស 8: 1-15

¹ បងប្អូន​អើយ យើង​សូម​ជម្រាប​បងប្អូន​អំពី​ព្រះ‌គុណ ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំនុំ*​នានា នៅ​ស្រុក​ម៉ាសេ‌ដូន ² គឺ​ទោះ​បី​បងប្អូន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃ‌លែង ហើយ​ទោះ​បី​គេ​ក្រ​តោក‌យ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​ដ៏​លើស‌លុប​ដែរ។ ³ បងប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថ‌ភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថ‌ភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។ ⁴ ពួក​គេ​បាន​ទទូច​សុំ​យើង​មេត្តា​អនុញ្ញាត ឲ្យ​គេ​ចូល​រួម​បម្រើ​ការ‌ងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជា‌ជន​ដ៏វិសុទ្ធ។ ⁵ គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បម្រើ​យើង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ⁶ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស ឲ្យ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បងប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។ ⁷ បងប្អូន​បាន​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន‌វោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។ ⁸ ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បងប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បងប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ ⁹ ដ្បិត​បងប្អូន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*​ស្រាប់​ហើយ គឺ​ព្រះអង្គ​មាន​សម្បត្តិ​ដ៏​ច្រើន ព្រះអង្គ​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ ព្រោះ​តែ​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រីក្រ​របស់​ព្រះអង្គ។ ¹⁰ ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បងប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បងប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​ទៅ។ បងប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។ ¹¹ ដូច្នេះ សូម​បងប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បងប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​តាម​សមត្ថ‌ភាព ដែល​បងប្អូន​មាន​យ៉ាង​នោះ​ដែរ។ ¹² កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។ ¹³ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បងប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។ ¹⁴ ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បងប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បងប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បងប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បងប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា ¹⁵ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាក្រុមជំនុំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00