¹ មានបុរសម្នាក់ឈ្មោះ អាណាណាស ភរិយាឈ្មោះ សាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ ² ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក*។
³ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? ⁴ កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ ⁵ កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។ ⁶ ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
⁷ ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ ⁸ លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចាស! បានប្រាក់ប៉ុណ្ណឹងមែន»។ ⁹ លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ ¹⁰ រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។ ¹¹ ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
Khmer Standard Version © 2005 United Bible Societies.