ពួក​ជំនុំ​បម្រើ​អ្នក​ដទៃ

ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នក តាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺជា​សេចក្ដីត្រូវការរបស់មនុស្សនៅក្នុងសហគមន៍របស់លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
កាលជួបគ្នាលើកមុន តើយើងបានរៀនអំពីរឿងអ្វីខ្លះ? តើយើងរៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់ និងមនុស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានរឿងមកពីព្រះជាម្ចាស់សម្រាប់ថ្ងៃនេះ...

ម៉ាថាយ 25: 31-46

³¹ «នៅ​ពេល​បុត្រ​មនុស្ស​យាង​មក​ជា​មួយ​ពួក​ទេវតា* ប្រកប​ដោយ​សិរី‌រុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។ ³² ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ ³³ គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។ ³⁴ ពេល​នោះ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ព្រះអង្គ​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក ³⁵ ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ ³⁶ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។ ³⁷ ពួក​អ្នក​សុចរិត​ទូល​ព្រះអង្គ​វិញ​ថា: “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះអង្គ​សោយ ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះអង្គ​សោយ​ពី​អង្កាល់? ³⁸ តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់? ³⁹ តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះអង្គ​ពី​អង្កាល់?”។ ⁴⁰ ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។ ⁴¹ បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ! ⁴² ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ ⁴³ កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ទាល់​តែ​សោះ”។ ⁴⁴ ពួក​នោះ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ឃើញ​ព្រះអង្គ​ស្រេក ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ឃើញ​ព្រះអង្គ​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះអង្គ​សោះ​ពី​អង្កាល់?”។ ⁴⁵ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បងប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។ ⁴⁶ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់‌កល្ប​ជានិច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច»។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តើយើងរៀនបានអ្វីខ្លះអំពីមនុស្ស រួមទាំងយើងផងនោះ ចេញពីសាច់រឿងនេះ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការធ្វើជាក្រុមជំនុំ?
តើលោកអ្នកនឹងអនុវត្តសេចក្ដីពិតរបស់ព្រះជាម្ចាស់ចេញពីរឿងនេះនៅ​ក្នុងជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
តើលោកអ្នកនឹងចែកចាយពីសេចក្ដីពិតចេញពីរឿងនេះដល់នរណា មុនយើងជួបគ្នាម្ដងទៀត? តើលោកអ្នកស្គាល់មនុស្សដទៃទៀត ដែលចង់រុករកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមកម្មវិធីលើទូរសព្ទដូចយើងដែរឬទេ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។

0:00

0:00