¹⁶ ឲ្យបម្រើព្រះគ្រិស្តយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។ ¹⁷ ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្តយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់ ¹⁸ ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្តធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ¹⁹ ព្រះអង្គសម្តែងឫទ្ធានុភាពនៃទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រះអង្គសម្តែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្តសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន។ ²⁰ ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្តនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ ²¹ គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថា:
«អស់អ្នកដែលមិនទាន់បានទទួលដំណឹង
អំពីព្រះអង្គ មុខជាឃើញ
ហើយអស់អ្នកដែលមិនទាន់បានឮ
មុខជាបានយល់»។
Khmer Standard Version © 2005 United Bible Societies.