¹¹ ខ្ញុំធ្វើពិធីជ្រមុជ*អ្នករាល់គ្នាក្នុងទឹក ដើម្បីឲ្យអ្នករាល់គ្នាបានកែប្រែចិត្តគំនិត ប៉ុន្តែ លោកដែលមកក្រោយខ្ញុំ លោកមានកម្លាំងខ្លាំងជាងខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ* និងដោយភ្លើងវិញ។ ¹² លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អរបស់លោកប្រមូលដាក់ជង្រុក រីឯសំដីស្រូវវិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
¹³ ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីឲ្យលោកធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ។ ¹⁴ ប៉ុន្តែ លោកយ៉ូហានប្រកែកថា៖ «ខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញ!»។ ¹⁵ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំធ្វើសិនចុះ ធ្វើដូច្នេះ ទើបស្របតាមគ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ទុកមក»។ លោកយ៉ូហានក៏យល់ព្រម។ ¹⁶ ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹករួចហើយ ព្រះអង្គយាងឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះអង្គទតឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ ¹⁷ ពេលនោះ មានព្រះសូរសៀងពីលើមេឃមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។
Khmer Standard Version © 2005 United Bible Societies.