¹⁸ អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះគ្រិស្ត*សោយទិវង្គតនៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ¹⁹ ដ្បិតមានចែងទុកមកថា: «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។
²⁰ ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ ²¹ ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសម្តែងឲ្យគេស្គាល់នោះឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។ ²² សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា ²³ រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ត*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ ²⁴ ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្តថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។ ²⁵ អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។
²⁶ បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ²⁷ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ²⁸ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃ មកផ្ចាញ់អ្វីៗដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ។ ²⁹ ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ឡើយ ³⁰ គឺព្រះអង្គហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រិស្តយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សម្រាប់យើង។ ព្រះអង្គប្រទានឲ្យយើងបានសុចរិត* បានវិសុទ្ធ* និងលោះយើងឲ្យមានសេរីភាព។ ³¹ ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។
Khmer Standard Version © 2005 United Bible Societies.