¹³ ព្រះយេស៊ូយាងទៅជិតពួកគេ ព្រះអង្គយកនំប៉័ងមកប្រទានឲ្យគេ ហើយយកត្រីមកប្រទានឲ្យគេដែរ។
¹⁴ តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសម្តែងព្រះអង្គឲ្យពួកសិស្សឃើញ។
¹⁵ លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ¹⁶ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ¹⁷ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
Khmer Standard Version © 2005 United Bible Societies.